BMW M4 GTS Coupe ផលិតតែ ៧០០ គ្រឿងលើលោក បង្ហាញខ្លួននៅថៃ
BMW បានបង្ហាញរថយន្តច្រើនម៉ូដែលនៅ Motor Expo 2016 នៅប្រទេសថៃ ក្នុងនោះម៉ូដែល BMW M4 GTS Coupe ទទួលការចាប់អារម្មណ៍ខ្លាំងបំផុត។
M4 GTS Coupe ជាប្រភេទរថយន្តកូនកាត់ស្ព័រ ផលិតមានកំណត់តែ ៧០០ គ្រឿងប៉ុណ្ណោះលើលោក ដើម្បីរំលឹកខួប ៣០ របស់ក្រុមហ៊ុន។
រថយន្តនេះ បំពាក់ដោយម៉ាស៊ីនប្រភេទ Turbo ស៊ីឡាំង ៦ ទំហំ 3.0 លីត្រ ដែលជាប្រភេទម៉ាស៊ីនធ្លាប់បំពាក់លើម៉ូដែល M3 និង M4។ ប៉ុន្តែសម្រាប់ M4 GTS Coupe បានបន្ថែមបច្ចេកវិទ្យាទំនើបចាក់បញ្ចូលទឹក ដើម្បីឲ្យម៉ាស៊ីនឡានដំណើរការកាន់តែប្រសើរ។
M4 GTS Coupe មានកម្លាំងម៉ាស៊ីន ៥០០ សេះនិងអាចរត់បានក្នុងល្បឿនអតិបរមា ៣០៥ គ.ម/ម៉ ឯសន្ទុះល្បឿនកុងទ័រ ១០០ គ.ម៉ ប្រើពេលតែ ៣,៨ វិនាទីប៉ុណ្ណោះ។
ដំបូលគ្របម៉ាស៊ីន ដំបូលឡាន កាងខាងមុខ និងកាងខាងក្រោយឡាន ផលិតដោយសារធាតុប្លាស្ទិកកាបូន Fiber (CFRP) ដើម្បីឲ្យរថយន្តកាន់តែមានទម្ងន់ស្រាល។ ដោយឡែកសម្រាប់ភ្លើង OLED របស់ M4 GTS Coupe ជាប្រភេទភ្លើងពិសេសខុសពីរថយន្តដទៃ ដោយវាបញ្ចាំងភ្លើងបានស្មើពេញផ្ទៃខាងមុខ។
រថយន្តនេះដាក់លក់នៅប្រទេសថៃក្នុងតម្លៃប្រមាណ ១៣ ៩៩៩ ០០០ បាត ស្មើនឹងប្រហែល ៤០ ម៉ឺនដុល្លារ៕
ប្រភពៈ Sabay News