ជប៉ុនត្រៀមតាក់ស៊ីរ៉ូបូតឥតមនុស្សបើកសម្រាប់ដឹកភ្ញៀវនៅព្រឹត្ដិការណ៍អូឡាំពិកឆ្នាំ២០២០
ជប៉ុនត្រៀមតាក់ស៊ីរ៉ូបូតឥតមនុស្សបើកសម្រាប់ដឹកភ្ញៀវនៅព្រឹត្ដិការណ៍អូឡាំពិកឆ្នាំ២០២០
ជប៉ុនកំពុងមានគម្រោងអភិវឌ្ឍ រថយន្ដតាក់ស៊ីរ៉ូបូត ឥតមានមនុស្សបើក រាប់ពាន់គ្រឿង ដើម្បីដឹកអ្នកដំណើរ ដែលចូលរួមព្រឹត្ដិការណ៍អូឡាំពិក ទីក្រុងតូក្យូឆ្នាំ២០២០ ។ នេះបើតាម វេបសាយ ដេលីមែលកាលពីថ្ងៃទី ៣ ខែ វិច្ឆិកា ។
រថយន្ដតាក់ស៊ីបើកដោយខ្លួនឯងនេះ ឆាប់ៗនេះនឹងត្រូវធ្វើតេស្ដសាកល្បងនៅក្នុងទីក្រុងមួយរបស់ជប៉ុន ហើយគេសង្ឃឹមថា នៅមុនពេលដែលការព្រឹត្ដិការណ៍នេះចូលមកដល់ ជប៉ុន ក្នុងរយៈពេល៥ឆ្នាំទៀត បច្ចេកវិជ្ជានេះ នឹងត្រូវបានប្រើប្រាស់ទ្រង់ទ្រាយធំរួចជាស្រេច ។
ក្រុមហ៊ុន Robot Taxi ដែលមាន មូលដ្ឋាននៅទីក្រុងតូក្យូនឹងចាប់ផ្ដើមធ្វើ តេស្ដជាក់ស្ដែងនៅចុងខែមីនា ឆ្នាំក្រោយ នៅទីក្រុងហ្វ៊ុយជីសាវ៉ា (Fujisawa) ជាទីក្រុងមាត់ឆ្នេរ ដ៏ធំមួយ នៅក្បែរទីក្រុងតូក្យូជាទីដែលអ្នកក្រុងនេះ ត្រូវជិះរថយន្ដពីផ្ទះរបស់ពួកគេតាមបណ្ដោយផ្លូវធំៗទៅកាន់ផ្សារ ទំនើបលើរយៈចម្ងាយ៣ គីឡូម៉ែត្រ ។
នាយកប្រតិបត្ដិលោក ហ៊ីរ៉ូស៊ី ណាកាជីម៉ា (Hiroshi Nakajima) បាន ប្រាប់វេបសាយ Quartz ថា ក្រុមហ៊ុន Robot Taxi សង្ឃឹមថា ការធ្វើតេស្ដសាកល្បងនេះនឹងជំរុញ ឱ្យខ្លួនអាចដាក់ឱ្យ ប្រើរថយន្ដតាក់ស៊ីថ្មីនេះរាប់ពាន់គ្រឿង នៅត្រឹមឆ្នាំ២០២០ គាប់ជួននឹងព្រឹត្ដិការណ៍អូឡាំពិកតែម្ដង ។ លោកសង្ឃឹមថា រថយន្ដតាក់ស៊ីនេះនឹងផ្ដល់ឱ្យប្រជាជននូវ ជម្រើសថោកជាងរថយន្ដតាក់ស៊ី “បើកដោយមនុស្ស”៕